គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ក្រុមហ៊ុនខនហ្វីរេលអបអរសាទរ «ជើងឯក» ផលិតស្ករត្នោតកំពង់ស្ពឺទាំង១១ រូប

កាលបរិច្ឆេទ: ០៩ កក្កដា ២០២៦ / កសិកម្ម / Author : ATH Sokren

កាលពីថ្ងៃទី២៥ ខែមិថុនា ក្រុមហ៊ុនខនហ្វីរេលទទួលស្វាគមន៍អ្នកផលិតផលស្ករត្នោតកំពង់ស្ពឺប្រភេទស្ករម្សៅ និងស្ករត្នោតធម្មតា បានច្រើនជាងគេចំនួន១១រូប ដើម្បីអបអរសាទរ និងប្រគល់វិញ្ញាបនបត្រដល់ពួកគេ។ ដូចដែលលោក ណល់ រតនា អ្នកសម្របសម្រួលគម្រោងត្នោត​នៃក្រុមហ៊ុនខនហ្វីរេល

បានរម្លឹក អ្នកផលិតស្ករត្នោតទាំង១១ រូប នេះលេចធ្លោជាងគេដោយសារពួក​គាត់​មាន​បរិមាណផលិតច្រើនជាងគេក្នុងចំណោមផលិត​ករទាំង ១៥៤ គ្រួសារ នៅខេត្តកំពង់ស្ពឺដែលសហការជាមួយក្រុមហ៊ុនខនហ្វីរេល។

ក្នុងយុទ្ធនាការផលិតចុងក្រោយនេះ អ្នកជាប់លេខមួយ ផលិតស្ករត្នោតម្សៅបានជិតប្រាំតោន ចំណែកឯលេខប្រាំមួយផលិតបានបីតោនជាង។ ចំពោះស្ករត្នោតធម្មតា អ្នកជាប់លេខមួយផលិតបានជាងបួនតោនកន្លះ រីឯអ្នកជាប់លេខប្រាំផលិតបាន ២,៣៧តោន។ ជើងឯកទាំង១១ រូប សុទ្ធតែទទួលបានរង្វាន់ជា​ផលិត​ផល​របស់​ក្រុមហ៊ុនខនហ្វីរេល និងឱសថរបស់​ប៉េប៉េអឹម។ ពួកគេក៏បានដើរទស្សនាខ្សែចង្វាក់ផលិតកម្ម បានឃើញផលិតផលរបស់ខ្លួនត្រូវបានវេចខ្ចប់យ៉ាងស្អាត ហើយបានសម្តែងមោទកភាពផងដែរ និងបានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនចង់ឱ្យតម្លៃទិញសម្រាប់រដូវកាលប្រមូលផលលើកក្រោយៗកើនឡើងបន្តិច។

លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃអនាម័យដើម្បីធានាឱ្យមានតម្លៃល្អ។ លោកក៏បានរម្លឹកផងដែរថា បច្ចុប្បន្នក្រុមហ៊ុនត្រូវចំណាយប្រាក់មួយដុល្លារក្នុងស្ករមួយគីឡូដើម្បីរើសកម្ទេចកម្ទីដីចេញ។ លោក ណល់ រតនា បានចង្អុលបង្ហាញថា ក្រុមហ៊ុនកំពុងពិចារណាលើការបង្កើនតម្លៃចំពោះអ្នកផលិតដែលម៉ត់ចត់ជាងគេ ក្នុងបរិបទមួយដែលយុទ្ធនាការប្រមូលផលឆ្នាំ២០២៦ ជួបការលំបាក ពោលគឺអាចប្រមូលផលបានតែ ៤៨% នៃបរិមាណ២០០ តោនដែលបានគ្រោងទុក ដោយសារតែអាកាសធាតុមិនអំណោយផល។

អ្នកផលិតជាច្រើនបានប្រាប់ឱ្យដឹងថា ពួកគេប្រឹងអស់ពីសមត្ថភាពហើយ ជារឿយៗគឺដោយសារតែពួកគេមានអាយុច្រើន ហើយជាការងារលំបាកផង។ ជាក់ស្តែង លោក វុធ សល់ សម្តែងក្តីរីករាយដែលអាចលក់ផលិតផលស្ករត្នោតរបស់ខ្លួនឱ្យក្រុមហ៊ុនខនហ្វីរេល ប៉ុន្តែលោកវាយតម្លៃថា លោកមិនអាចបង្កើនការផលិតបានទេ។ អ្នកស្រីណាំង ចិត្ត ដែលជាភរិយា បានរៀបរាប់ពីកាលវិភាគដ៏មមាញឹករបស់ប្តីគាត់ថា ប្តីគាត់ត្រូវឡើងយកទឹកត្នោតវគ្គទីមួយពីម៉ោងប្រាំព្រឹកដល់ម៉ោងដប់ពីរថ្ងៃត្រង់ បន្ទាប់មកពីម៉ោងបួនរសៀលដល់ម៉ោងដប់យប់។ ចំណែកឯអ្នកស្រី និងសមាជិកគ្រួសារពីរនាក់ទៀតត្រូវរម្ងាស់ទឹកត្នោតរហូតក្លាយជាស្ករដល់ម៉ោងដប់មួយយប់។

ប្រឈមមុខនឹងបញ្ហាទាំងអស់នេះ និងបញ្ហាអ្នកស្នង លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុនខនហ្វីរេល បានបង្កើតគម្រោង «ម៉ូតូត្នោត» តាំងពីប៉ុន្មានឆ្នាំមកហើយ ដើម្បីធានាដល់សុវត្ថិភាពរបស់អ្នកឡើងត្នោត និងធានាផលិតភាព។ លោកបានស្វែងរកការគាំទ្រពីសំណាក់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយគម្រោងកំពុងតែដំណើរការ។ អ្នកផលិតស្ករត្នោតទាំង១១ រូប ក៏ត្រូវបានអញ្ជើញឱ្យមកទស្សនា showroom របស់ក្រុមហ៊ុនខនហ្វីរេលនៅក្បែរសារមន្ទីរជាតិ និងបានភ្លក់ភីហ្សាប្រហុកផងដែរ៕